បិតាស្ថាបនិកសហរដ្ឋអាមេរិក លោក Benjamin Franklin៖ «អ្នកពូកែធ្វើ ប្រសើរជាងអ្នកពូកែនិយាយ»
មានមនុស្សច្រើនណាស់ដែលពូកែនិយាយ ធ្វើឲ្យអ្នកដទៃមើលទៅហាក់ដូចជាអស្ចារ្យខ្លាំងណាស់ ព្រោះថា ពីមួយពាក្យទៅមួយពាក្យគឺពោរពេញទៅដោយភាពអស្ចារ្យ។ ពូកែនិយាយគឺល្អហើយ ប៉ុន្តែត្រូវប្រាកដថា ពូកែធ្វើផង។
បើតាមលោក Benjamin Franklin បិតាស្ថាបនិករបស់សហរដ្ឋអាមេរិកបានលើកឡើងថា៖ «ពូកែធ្វើ ប្រសើរជាងពូកែនិយាយ»។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា និយាយល្អប៉ុណ្ណាក៏មិនទាន់អាចបញ្ជាក់ថា អ្នកទាំងនោះជាមនុស្សខ្លាំងនោះទេ ដរាបណាមិនពូកែធ្វើ។ អ៊ីចឹងហើយ មិនបាច់ចាំនិយាយច្រើនក៏បាន ប៉ុន្តែត្រូវតែពូកែធ្វើការ ហើយធ្វើឲ្យសម្រេចចេញជាលទ្ធផលអស្ចារ្យទើបជា ចំណុចល្អ។
មិនថា នៅក្នុងគ្រួសារ ក្រុមហ៊ុន ឬ ក្នុងសង្គមជាតិនោះទេ បើសម្បូរតែមនុស្សពូកែនិយាយ តែគ្មានអ្នកធ្វើ គឺគ្មានការរីកចម្រើននោះឡើយ។ ដូច្នេះហើយ កុំធ្វើជាមនុស្សដែលពូកែតែខាងទ្រឹស្ដី ហើយការអនុវត្តមិនកើតនោះ គឺវាគ្មានប្រយោជន៍អ្វីជាដុំកំភួននោះទេ៕
Post a Comment