Header Ads

អស្ចារ្យ! រឿង​"មុន​ដំបូងខ្មែរ​ក្រហម​សម្លាប់ប៉ារបស់​ខ្ញុំ​" នឹង​ចេញទៅ​ដណ្ដើម​ពាន​ Oscar ឆ្នាំ​នេះ

រឿង​ "មុន​ដំបូងខ្មែរ​ក្រហម​សម្លាប់ប៉ារបស់​ខ្ញុំ​" ឬ "First They Killed My Father" ដែល​ដឹក​នាំ​ដោយ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជាប់​ឈ្មោះ​តំណាង​ភាពយន្ត​កម្ពុជា​ ចេញ​ទៅ​​ដណ្ដើម​ពាន​រង្វាន់​​ក្នុង​កម្មវិធីប្រកួត​គុណភាព​ភាពយន្ត​ដ៏​ធំផ្ដាច់​គេ​ប្រចាំ​ឆ្នាំ​។
រឿង​នេះ ត្រូវ​បាន​ជ្រើស​រើសជាផ្លូវ​ការដោយ​ក្រុម​គណៈកម្មការ​កម្ពុជា​​ឲ្យចូល​រួម​ប្រកួត​ផ្នែក"ភាពយន្តដែល​និយាយ​ភាសា​បរទេស​ល្អ​ផ្ដាច់​គេ​" ឬ "Best Foreign-Language" ក្នុង​កម្មវិធី​ប្រកួតពាន​រង្វាន់​ Oscar លើក​ទី​៩០ ដែល​នឹង​ត្រៀម​មក​ដល់​នា​ពេល​ខាង​មុខ​ ។ តំណាងក្រុម​គណៈកម្មការ​ខាង​លើ បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ "First They Killed My Father" ជាប់​ជា​ភាពយន្ត​តំណាង​កម្ពុជាចេញ​​ប្រកួត​ព្រោះ​រឿង​នេះ ជា​រឿង​ដែល​​រំលេច​ព្រឹត្តការណ៍​ប្រវត្តិសាស្ត្រដ៏​សែន​ខ្លោច​ផ្សារ​​របស់​កុមារ​ម្នាក់​ក្នុង​សម័យ​នោះ។ ថ្វីត្បិត​តែ​រឿង​នេះ​មាន​ពាក្យ​ពេចន៍​សន្ទនា​តិច​តួច​មែន តែវា​អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​យល់​ពីខ្លឹម​សារ​រឿង​បាន​​កាន់​តែ​ច្រើន​តាម​រយៈ​រូប​ភាព។
ជា​មួយ​គ្នា​នោះ តារា​ហូលីវូដដែល​មាន​សញ្ជាតិ​កម្ពុជា Angelina Jolie ពោល​ថា​៖ "នេះ​គឺ​ជា​ការ​តប​ស្នង​ដ៏​ល្អមួយ​ទៅ​ដល់អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​ការ​ផលិត​ភាពយន្ត​​នេះ។ ដោយផ្ដួច​ផ្ដើម​ឡើង​ពីការ​សហការ​ជា​មួយ​សិល្បករ​ខ្មែរ លើ​បទ​ពិសោធន៍​ថ្មី​ និង​ដើម្បី​ឲ្យ​រឿង​នេះ​បង្កើន​ភាព​ល្បីល្បាញ​បន្តិច​ម្ដងៗ" ។
ក្នុង​នោះ អ្នក​ស្រី​ អ៊ឹង លួង បាន​ថ្លែង​ពី​អារម្មណ៍​របស់ខ្លួន​ថា៖ "​យើងទាំង​អស់​គ្នា​ពិត​ជា​មាន​ក្ដី​រំភើប​ណាស់ ក្រោយ​ទទួល​បាន​ដំណឹង​នេះ។ វា​គឺ​ជា​ផ្លូវដ៏​វែង​ឆ្ងាយ​មួយ​ ដែល​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់ខ្ញុំបាន​ក្លាយ​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​តថភាពពិត​របស់​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់។ ពួក​យើង​ពិត​ជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួតក្នុង​ឆ្នាំ​នេះ ថែម​ទាំង​មាន​បង្ហាញ​ជ្រុង​មួយ​នៃ​​ប្រវត្តិសាស្ត្ររបស់​នេះ​ទៀត​ផង"៕
ប្រភពពី : sabay